Ronaldo បង្ហោះ​រូប​យក​ជើង​ ជាន់​ទម្រ​ព្រះ​កេស​ព្រះពុទ្ធ​អង្គ​ រង​ការ​រិះ​គន់​ខ្លាំង

ភ្នំពេញ: កំពូល​តារា​បាល់​ទាត់​​សញ្ជាតិ​ព័រទុយហ្គាល់​ គ្រីស្ទីណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែល​បាន​បង្ហោះ​រូបភាព​ជ្រែង​ដៃ​ក្នុង​ហោប៉ៅខោ និង​ជើង​ម្ខាង​ជាន់​លើ​ជើង​ទម្រ​​ព្រះ​កេស​ព្រះពុទ្ធ​រូប​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ រង​នូវ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដោយ​មាន​អ្នក​ខ្លះ​បញ្ចេញ​យោបល់​ទាំង​កំហឹង​ និង​ឈប់​គាំទ្រ​តារា​បាល់​ទាត់​រូប​នេះ​ទៀតផង​។
រូប​ភាព​ដ៏​ឡូយ​សង្ហារ​អម​ដោយ​សំណេរ​យ៉ាង​ខ្លីថា «​Good Moring» ដែល​ទើប​បាន​បង្ហោះ​កាល​ពី​ជាង​មួយ​ម៉ោង​មុន ទទួល​បាន​ការ​ចុច​ «Likes» រហូត​ដល់​ជាង ២៥ ម៉ឺន​នាក់ (253k) និង​ចែករំលែក​ជាង ៤៥០០ ដង​ រួមទាំង​សំណេរ​ឆ្លង​ឆ្លើយ​ជាង ៨០០០ Comments ទទួល​បាន​នូវ​មតិ​​រិះគន់​យ៉ាង​ចាស់​ដៃ​អំពី​ទង្វើ​ប្រមាថ​មើល​ងាយ​ដល់​ព្រះ​ពុទ្ធ​អង្គ ជាពិសេស ក្រុម​អ្នក​គាំទ្រ​ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ​នៅ​ទូទាំង​ពិភពលោក​។
ម្ចាស់​គណនីឈ្មោះ Sosengphyrum Mao ជា​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​មួយ​រូប​បាន​សរសេរ​តប​ថា​៖ «​លែង​ជា​អ្នក​គាំទ្រ​អ្នក​ទៀត​ហើយ​។ អ្នក​មាក់ងាយ​ដល់​សាសនា​របស់​ខ្ញុំ​»។
ម្ចាស់​ហ្វេសប៊ុក ShubhamPandey បាន​បន្ដ​ថា​៖ «​គ្មាន​ការ​គោរព​សោះ​។ ម៉េច​ក៏​ដាក់​ជើង​លើ​ព្រះ​ពុទ្ធ​រូប​ចឹង? ខ្ញុំ​មិន​យល់​ថា រ៉ូណាល់​ដូ បង្ហាញ​ចរឹត​ឆ្កួត​ៗ​ចឹង​សោះ​។ ថ្ងៃនេះ លោក​បាត់​បង់​អ្នក​គាំទ្រ​ម្នាក់​ហើយ​»។
WazTniymGnianHkt  បន្ថែម​ថា​៖ «​គ្រីស្ទីណូ រ៉ូណាល់ដូ ខ្ញុំ​គឺជា​អ្នក​គាំទ្រ​លោក​ម្នាក់​។ ប៉ុន្ដែ​ លោក​គួរ​តែគោរព​ដល់​សាសនា​ព្រះពុទ្ធ​ផង​ ទោះ​លោក​ជា​គ្រីស្ដ ឬ​អ៊ិស្លាម ឬ​ព្រហ្មញ្ញ​សាសនា​ក៏ដោយ​។ លោក​មាន​អ្នក​គាំទ្រ​ច្រើន​មក​ពី​បណ្ដា​សាសនា​ដទៃ​។ លោក​អ្នក​តារា​បាល់​ទាត់​ល្បី​។ ខ្ញុំ​សុំ​ទោស​ សូម​កុំ​ធ្វើ​បែប​នេះទៀត​»។
យ៉ាងណាមិញ ម្ចាស់ហ្វេសប៊ុក GavinioRionardoManamela បាន​តប​នឹង​ការ​រិះ​គន់​វិញ​ថា​៖ «​ហេតុ​អ្វី​អស់​លោក​ឈឺ​ចាប់​ម្ល៉េះ? តើ​នោះ​គឺជា​ព្រះ​របស់​អ្នក​ ឬ​ចម្លាក់​តំណាង​ព្រះ​របស់​អ្នក​? អស់​លោក​ត្រូវ​តែ​មាន​ចិត្ដ​ត្រជាក់ និង​ឈប់​ឈឺ​ចាប់​ទៅ​លើ​អ្វី​ដែល​មិន​តំណាង​ឲ្យ​រូប​លោក​អ្នក​ទៀត​ទៅ»។ ប៉ុន្ដែ​ម្ចាស់​គណនី​រូប​នេះ ក៏​រង​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។
ម្ចាស់​គណនីហ្វេសប៊ុក​ជា​ច្រើន​ ដែល​អះអាងថា ខ្លួន​មក​ពី​មីយ៉ាន់ម៉ា និង​ជា​គ្រឹស្ដសាសនិក​ជាដើម​ បាន​នាំ​គ្នា​រិះគន់​ និង​សុំ​ឲ្យ​ រ៉ូណាល់ដូ​ កែ​តម្រូវ​ចំពោះ​ការ​បង្ហោះ​រូបភាព​ ជា​អ្វីដែល​ហៅថា ជា​ការ​ប្រមាថ​ចំពោះ​ពុទ្ធ​សាសនា​៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
Ronaldo បង្ហោះ​រូប​យក​ជើង​ ជាន់​ទម្រ​ព្រះ​កេស​ព្រះពុទ្ធ​អង្គ​ រង​ការ​រិះ​គន់​ខ្លាំង Ronaldo បង្ហោះ​រូប​យក​ជើង​ ជាន់​ទម្រ​ព្រះ​កេស​ព្រះពុទ្ធ​អង្គ​ រង​ការ​រិះ​គន់​ខ្លាំង Reviewed by Unknown on 2:46 AM Rating: 5

No comments:

Powered by Blogger.