ក្រសួង​យុត្តិធម៌ បើក​ការ​​ស៊ើប​អង្កេត​ករណី​សេវា​ស៊ី​ឈ្នួល​ពរ​ពោះ​ជំនួស​នៅ​កម្ពុជា

លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​យុត្តិធម៌​កំពុង​តែ​ស៊ើប​អង្កេត​លើ​ករណី​សេវា​ស៊ី​ឈ្នួល​ពរ​ពោះ​ជំនួស ដែល​មាន​ការ​អះអាង​ថា កំពុង​តែរីក​ដុះ​ដាល​ស្ងាត់​ៗ​​នៅ​កម្ពុជា​។ លោកបញ្ជាក់​ថា សេវា​នេះ​មិន​ត្រូវ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ការ​បញ្ជាក់​របស់​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលារយៈ​ពេល​៣​ថ្ងៃដែល​ទើប​តែ​បញ្ចប់​នៅ​ថ្ងៃ​ទី​២១​តុលា​ម្សិលមិញ ដើម្បី​​ផ្សព្វផ្សាយ​សៀវភៅ​ស្ដី​ពី «សេចក្ដី​ពន្យល់​អំពី​ស្មុំ​កូន​ក្នុង​ប្រទេស» ​។
បើ​តាម​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ការ​ស៊ើប​អង្កេត​លើ​ករណី​ពរពោះ​ជំនួស​នៅ​កម្ពុជា​នេះ ធ្វើ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌ សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​កម្លាំង​នគរបាល​មាន​សមត្ថកិច្ច។ ជា​ការ​ស៊ើប​អង្កេត​ដែល​មាន​គោលដៅ​ស្វែង​យល់​ថា​តើ​សេវា​ពរពោះ​ជំនួស​នេះ ពិត​ជា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ពាក្យ​ចចាម​អារ៉ាមមែន​​ឬ​ក៏យ៉ាង​ណា​​។

លោក​បន្ត​ថា ការ​ពរពោះ​ជំនួស គឺ​ជា​ការ​ធ្វើ​អាជីវកម្ម​លើ​កុមារ ហើយ​ជាទូទៅ សេវា​នេះ​ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​បុគ្គល​តែ​ប៉ុណ្ណោះ​។ ឥឡូវ​នេះ បើ​ទោះ​បី​ជា​​កម្ពុជាមិន​ទាន់​មាន​ច្បាប់​ទប់ស្កាត់​​សេវា​ពរពោះ​ជំនួស​នេះក៏​ដោយ ប៉ុន្តែ​លោក​រដ្ឋ​មន្ដ្រី​បញ្ជាក់​ថា សេវា​នេះ​មិន​ត្រូវ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​ត្រូវ​ទប់ស្កាត់​ជា​ចាំ​បាច់​​។

ការ​លើក​ឡើង​របស់​លោក អង្គ វង្សវឌ្ឍានា ដូច្នេះ ធ្វើ​ឡើង​ចំ​ពេល​ដែលអង្គភាព​ជំនាញ​នៅ​កម្ពុជា​​កំពុង​តែ​រៀបចំ​សិក្សា​ពី​ការ​បង្កើត​ច្បាប់​ស្ដី​ពី​ការ​ពរពោះ​ជំនួស ដើម្បី​ទប់​ស្កាត់​ការ​ពរពោះជំនួស​នៅ​កម្ពុជា និង​ចូល​រួម​ការពារ​សិទ្ធិ​ស្ដ្រី​និង​កុមារ​។ ការ​រៀបចំ​បង្កើត​ច្បាប់​នេះ ត្រូវ​បាន​ស្វាគមន៍​ដោយ​លោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​កាល​ពី​ថ្ងៃ​ទី​១១​តុលា​កន្លង​ទៅ លោក​ស្រី រ៉ូណា ស្មីត ថែម​ទាំង​បាន​សន្យា​ថា​នឹង​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស ព័ត៌មាន និង​បទ​ពិសោធន៍​មួយ​ចំនួន​ទៀត ក្នុង​ការ​បង្កើត​ច្បាប់​នេះ​ទៀត​ផង​។

សូម​ជម្រាប​ជូន​ថា ក្រុម​អ្នក​ជំនាញ​អន្ដរជាតិ កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ បាន​ទាញ​សញ្ញា​អាសន្ន​អំពី​តម្រូវ​ការ​នៃ​ការ​បង្កើត​ច្បាប់​សម្រាប់​សេវា​ស៊ី​ឈ្នួល​ពរពោះ​ជំនួស​នៅ​កម្ពុជា ខណៈ​ទារក​យ៉ាង​ហោច​ណាស់​២០​នាក់ បាន​កើត​ពីស្ដ្រី​ខ្មែរ​ដែល​​ស៊ី​ឈ្នួល​ពរពោះ​ជំនួស តាំង​ពី​ខែ​មករា​មក​។ នៅ​កម្ពុជា បើ​តាម​ក្រុម​អ្នក​ជំនាញ​ដដែល មាន​គ្លីនិក​ចំនួន​២​ដែល​ផ្ដល់​សេវា​កម្ម​ពរពោះ​ជំនួស ដោយ​មាន​ឈ្មួញ​កណ្ដាល​និង​ភ្នាក់ងារ​យ៉ាង​ហោច​ណាស់​៥០ ​ចូល​រួម​ផ្សព្វផ្សាយ​ពី​សេវា​នេះ​។

យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​នេះ បើ​ទោះ​បី​ជា​កម្ពុជា​នៅ​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​ការ​ស៊ី​ឈ្នួល​ពរពោះ​ជំនួស​ក៏​ដោយ​ ប៉ុន្តែ​មេ​ខ្យល់​ដែល​ទាក់ទង​ស្ដ្រី​ឲ្យ​ពរពោះ ជំនួស​ឪពុក​ម្ដាយ​ជា​ថ្នូរ​នឹង​ប្រាក់ នឹង​ត្រូវផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល ទៅ​១​លាន​រៀល​​។ នេះ​បើ​ផ្អែក​តាម​មាត្រា​៣៣១ និង​៣៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​៕
ប្រភព៖ វិទ្យុបារ៉ាំង
ក្រសួង​យុត្តិធម៌ បើក​ការ​​ស៊ើប​អង្កេត​ករណី​សេវា​ស៊ី​ឈ្នួល​ពរ​ពោះ​ជំនួស​នៅ​កម្ពុជា ក្រសួង​យុត្តិធម៌ បើក​ការ​​ស៊ើប​អង្កេត​ករណី​សេវា​ស៊ី​ឈ្នួល​ពរ​ពោះ​ជំនួស​នៅ​កម្ពុជា Reviewed by Unknown on 11:32 PM Rating: 5

No comments:

Powered by Blogger.