នារីអាចប្រឈមនឹងជំងឺមហារីកដោះ និងស្បូន បើមិនបំបៅកូនដោយទឹកដោះ!
ការបំបៅកូនដោយទឹកដោះម្តាយ គឺមានភាពចាំបាច់ណាស់ចំពោះដំណើរវិវត្តពេញមួយជីវិតរបស់កូន ហើយចំពោះម្តាយផ្ទាល់ ក៏មានសារៈសំខាន់ណាស់ដែរ។ ចំពោះអត្ថប្រយោជន៍ដល់កូន គឺធ្វើឲ្យក្មេងរឹងមាំ ឆ្លាតវៃ និងអាចជៀសផុតពីជំងឺផ្សេងៗ។ ដោយឡែក បើស្រ្តីបំបៅកូនដោយទឹកដោះម្តាយ គឺអាចជួយស្រ្តីនោះ ឲ្យជៀសពីជំងឺមហារីកដោះ និងមហារីកស្បូន។ ក៏ប៉ុន្តែទោះយ៉ាងនេះក្តី គេសង្កេតឃើញថា នារីខ្មែរជំនាន់ថ្មី បែរមកនិយមបំបៅកូនដោយម្សៅទឹកដោះគោ ជំនួសទឹកដោះម្តាយទៅវិញ។ តើហេតុអ្វីបានជាដូច្នេះ?
ម្យ៉ាងទៀត គឺដោយសារតែសង្គមកាន់ស៊ីវិល័យ មាតាវ័យក្មេង ចង់នៅរក្សាដើមទ្រូង និងរាងរៅឲ្យនៅស្អាតល្អ។ គឺមិនចង់ឲ្យសុដន់របស់ពួកគេ ខូចទ្រង់ទ្រាយ ដោយសារតែការបំបៅដោះកូននោះទេ។
ថែមពីនេះ ម្តាយវ័យក្មេងមួយចំនួន គឺមិនសូវបានរៀនពីវិធីបំបៅកូនឲ្យបានត្រឹមត្រូវនោះឡើយ។ លើសពីនេះ ពួកគេខ្លាច ឲ្យកូនបៅដោះទៅ គឺធ្វើឲ្យសុដន់ឈឺ ក្រហាយ ឬដាច់រលាត់ ឬក៏ខ្លាចរសើប និងស្រគា ដោយសារកូនខាំជាដើម។
មូលហេតុ ចម្បងទី២ គឺអាចដោយសារតែមាតាសម័យថ្មី មិនយល់ច្បាស់ ឬមិនដឹងគ្រប់ជ្រុងជ្រោយ ពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយតែម្តង។
ហេតុផលទី៣ គឺអាចមកពីការផ្សព្វផ្សាយដ៏សម្បូរបែបរបស់ក្រុមហ៊ុនលក់ម្សៅទឹកដោះគោ ដែលមានក្រុមហ៊ុនខ្លះ ឃោសនាបំផ្លើស ឬក៏អួតជ្រុលហួសហេតុ។ ការឃោសនាពាណិជ្ជកម្មលក់ម្សៅទឹកដោះគោទាំងនោះ ត្រូវមន្ត្រីសុខាភិបាលមួយចំនួន បានកត់សម្គាល់ថា ជាការហួសពីការពិត! ឧទាហរណ៍ ដូចជាថា ម្សៅទឹកដោះគោរបស់ពួកគេ គឺល្អ និងមានជីវជាតិចិញ្ចឹមដូចទឹកដោះម្តាយដែរ។ នេះជាការបំផ្លើសទាំងស្រុង ព្រោះថា រហូតមកទល់នឹងពេលនេះ គ្មានការស្រាវជ្រាវវិទ្យាសាស្ត្រណាមួយ ដែលហ៊ានអះអាងថា ម្សៅទឹកដោះគោ ល្អជាង ឬល្អប្រហាក់ប្រហែលនឹងទឹកដោះម្តាយនោះឡើយ។
ចំពោះការឃោសនានេះទៀតសោត ក្រុមហ៊ុនលក់ម្សៅទឹកដោះគោខ្លះ បានទៅទាក់ទងមន្ទីរពេទ្យ ឬខាងសម្ភពឯកជន ឲ្យជួយលក់ផលិតផលទឹកដោះគោរបស់ខ្លួន។ ដោយសង្ឃឹមទៅលើកម្រៃ ដែលបានពីការលក់ទំនិញទាំងនោះ គ្រូពេទ្យខ្លះ ហ៊ានដល់ទៅរំលោភវិជ្ជាជីវៈ ដោយបានជំរុញ ឬណែនាំឲ្យស្ត្រីជាម្តាយ ប្រើប្រាស់ផលិតផលទាំងនោះសម្រាប់កូនរបស់ពួកគេ។
ដូច្នេះ មាតាខ្មែរសព្វថ្ងៃនេះ គួរតែយល់បានច្បាស់ថា ការបំបៅកូនដោយម្សៅទឹកដោះគោ ថាតើវាអាចជះឥទ្ធិពលអ្វីខ្លះ?
បើតាមការសិក្សាថ្មីមួយ ដែលមានការទទួលស្គាល់ដោយក្រសួងសុខាភិបាល អង្គការ UNICEF ព្រមទាំងអង្គការ Helen Keller អន្តរជាតិ បានបង្ហាញឲ្យដឹងថា ការបំបៅដោះកូនដោយទឹកដោះសិប្បនិម្មិត ឬម្សៅទឹកដោះគោ គឺវាអាចនឹងបង្កឲ្យកូនក្មេងមានជំងឺរលាកស្រោមខួរ រលាកផ្លូវដង្ហើម រលាកត្រចៀកផ្នែកកណ្តាល អាចរលាកក្រពះ និងពោះវៀនផង ហើយអាចប្រកាច់ដោយសារខ្វះកាល់ស្យូម ព្រមទាំងកូនៗងាយនឹងឆ្លងបាក់តេរីផ្សេងៗ។ល។
ជាការកត់សម្គាល់ កុមារដែលបៅទឹកដោះគោ គឺឆាប់ធំធាត់ពិតមែន តែក៏ងាយនឹងរងជំងឺផ្សេងៗផងដែរ ដែលនេះ ខុសប្លែកឆ្ងាយពីកុមារដែលបៅទឹកដោះម្តាយ។
លើសពីនេះ មាតាមួយចំនួនដែលបំបៅដោះកូនដោយទឹកដោះរបស់ខ្លួន តែងតែអះអាងថា កូនៗរបស់គាត់ មានភាពចាស់ទុំផ្នែកចិត្តគំនិត និងស្មារតីល្អ ច្រើនជាងកូនដែលបៅទឹកដោះគោ ដែលពេលខ្លះ កូនបៅទឹកដោះគោ ងាយឆាប់ឆេវឆាវ ឬពេលខ្លះ ទៅ ជាទុយមុយទក់មក់ រុយទំមិនបក់ទៅវិញ ក៏មានដែរ។
និយាយជារួម ពលរដ្ឋទូទៅ គួរយល់ថា ការបំបៅកូនដោយទឹកដោះម្តាយ គឺថាវាមានភាពចាំបាច់ណាស់ចំពោះដំណើរវិវត្តពេញមួយជីវិតរបស់កូន ហើយក៏មានសារសំខាន់ណាស់ដែរ ចំពោះម្តាយផ្ទាល់។ ពោលគឺធ្វើឲ្យបុត្រធីតា គេចផុតពីការស្លាប់ដោយរាគរូស និងជំងឺរលាកសួត ព្រមទាំងធ្វើឲ្យពួកគេ មានភាពរឹងមាំ វៃឆ្លាត និងជៀសផុតពីជំងឺផ្សេងៗទៀត ដូចដែលបានរៀបរាប់មុននេះស្រាប់។
គួរគូសបញ្ជាក់តាមការសិក្សាខាងលើថា ទារកដែលបានបៅដោះម្តាយ តែមួយមុខគត់ រហូតដល់អាយុ ៦ខែ គឺជួយកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺរាគរូស ចំនួន ១១ដង និងកាត់បន្ថយអត្រាស្លាប់ ដោយសារជំងឺរលាកសួត ចំនួន ១៥ដង។ ការសិក្សា បញ្ជាក់ដែរថា កម្ពុជាខាតបង់ប្រាក់ចំនួន ២៤លានដុល្លារ ជារៀងរាល់ឆ្នាំ ដោយសារតែការបំបៅកូនដោយទឹកដោះម្តាយ មិនបានពេញលេញ។
ចំណែកអត្ថប្រយោជន៍សម្រាប់ម្តាយវិញ បើតាមមន្ត្រីរបស់ក្រសួងសុខាភិបាល ការបំបៅកូនដោយទឹកដោះ គឺជួយម្តាយឲ្យជៀសផុតពីការកើតជំងឺមហារីកដោះ និងជំងឺមហារីកដៃស្បូន។
មិនតែប៉ុណ្ណោះ ការបំបៅកូនដោយទឹកដោះ គឺធ្វើឲ្យកូនទទួលភាពកក់ក្តៅពីម្តាយ និងអាចកាន់តែបង្កើនក្តីស្រឡាញ់រវាងម្តាយ និងកូនឲ្យកាន់តែខ្លាំងឡើងថែមទៀត៕
ប្រភព៖ វិទ្យុបារ៉ាំង
នារីអាចប្រឈមនឹងជំងឺមហារីកដោះ និងស្បូន បើមិនបំបៅកូនដោយទឹកដោះ!
Reviewed by Unknown
on
11:21 PM
Rating:

No comments: