មាន​បាយញ៉ាំ មាន​លុយ​​ចាយ មិន​ទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​កូនៗ​សម័យ​នេះ

«អញ​ខំ​ធ្វើ​ការ​ចិញ្ចឹម​ឯង ឲ្យ​លុយ​ឯង​ចាយ មួយថ្ងៃ​ហូរ​ញើស​តាង​ទឹក។ ចុះ​ម៉េច​ក៏​ឯង​នៅ​តែ​ធ្វើ​ឲ្យ​អញ​លំបាក​ចិត្ត​ទៀត? ឯង​មិន​អាណិត​អញ​ទេ!» នេះ​គឺ​ជា​អ្វី​ដែល​ម្តាយ​របស់​កន្និថា ជា​យុវតី​វ័យ ១៧ ឆ្នាំ​ម្នាក់​រស់​នៅ​ភ្នំពេញ និយាយ​ស្តី​មក​លើ​នាង​នៅ​ពេល​ដែល​នាង​ធ្វើ​កំហុស​អ្វី​មួយ។
នាង​បាន​ប្រាប់ LIFT ថា៖ «ខ្ញុំ​ដឹង​ថា ជួន​កាល​ខ្ញុំ​ធ្វើ​ខុស គ្មាន​នរណា​ត្រូវ​រហូត​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ខ្វះ​ភាព​កក់ក្តៅ​ណាស់ ព្រោះ​តាំង​ពី​តូច​មក ប៉ាម៉ាក់​មិន​សូវ​មាន​ពេល​នៅ​ជាមួយ​ខ្ញុំ​នោះទេ។ ពួក​គាត់​យល់ថា ឲ្យ​តែ​មាន​បាយ​ឲ្យ​ខ្ញុំ​ញ៉ាំ មាន​លុយ​ឲ្យ​ខ្ញុំ​ចាយ វា​ជា​ការ​គ្រប់​គ្រាន់​ទៅ​ហើយ»។
ឪពុកម្តាយ​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា មាន​ការ​យល់​ឃើញ​ដូច​ឪពុកម្តាយ​របស់​ កន្និថា ដែរ ដែល​វេជ្ជបណ្ឌិត​ជម្ងឺ​ផ្លូវ​ចិត្ត​មួយ​រូប​នៅ​កម្ពុជា បាន​អះអាង​ថា មិន​ទាន់​គ្រប់​គ្រាន់​ឡើយ​សម្រាប់​ក្មេង​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​ជំទង់ ពោល​គឺ​ចន្លោះ​ពី ១២ ទៅ ១៨ ឆ្នាំ។
លោក កា ស៊ុនបូណាត វេជ្ជបណ្ឌិត កា ស៊ុនបូណាត ឯកទេស​ផ្នែក​ចិត្តសាស្ត្រ និង​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ដែល​ជា​ជំនាញ​មួយ​ដ៏​កម្រ​នៅ​កម្ពុជា និង​ជា​អតីត​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​បាន​អះអាង​ថា ក្រៅ​ពី​ការ​ឧបត្ថម្ភ​ផ្លូវ​កាយ និង​ហិរញ្ញវត្ថុ កូនៗ​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​ជំទង់​នៅ​សម័យ​ថ្មី​នេះត្រូវ​ការ​ចម្បង​មួយ​ទៀត​គឺ​ការ​ឧបត្ថម្ភ​ផ្លូវចិត្ត និង​អារម្មណ៍។
លោក​ថ្លែង​ប្រាប់​ LIFT ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ដើម្បី​ផ្គត់​ផ្គង់​ជីវភាព ឲ្យ​កូន​មាន​អាហារ​ហូប និង​ប្រាក់​ចាយវាយ​គ្រប់​គ្រាន់ ឪពុកម្តាយ​ជា​ច្រើន​បាន​ចំណាយ​ពេល​វេលា​សឹង​តែ​ពេញ​មួយ​ថ្ងៃ​ដើម្បី​លើ​ការងារ​រកស៊ី រហូត​គ្មាន​ពេល​សម្រាប់​កូន ហើយ​ជួន​កាល​ដោយសារ​តែ​ភាព​នឿយ​ហត់ ឬ​អារម្មណ៍​មិន​ល្អ​ពី​ការ​បំពេញ​ការងារ ពួក​គាត់​មក​ដល់​ផ្ទះ​ទៅ​ជា​មិន​និយាយ​រក ឬ​បញ្ចេញ​កាយ​វិការ​ក្រ​ម៉ែ​ក្រមូវ​ដាក់​កូន​»។
លោក​បន្តថា៖ «ប៉ុន្តែ​ពួក​គាត់​ភ្លេច​ថា ក្មេង​សម័យ​នេះ​ត្រូវ​ការ​បន្ថែម​ទៀត​នូវ​កាយវិការ​ជា​គំរូ​របស់​ឪពុក​ម្តាយ កាយវិការ​ធ្វើ​ឲ្យ​កូន​កក់ក្តៅ ការ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ធ្វើ​ត្រូវ ​និង​ការ​កែលម្អ​ពេល​កូន​ធ្វើខុស ជា​ពិសេស​ក្មេង​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​ជំទង់​ដែល​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ចំណាប់​អារម្មណ៍ ការ​អប់រំ​ណែនាំ ​ការ​លើក​ទឹក​ចិត្ត និង​ការ​ជួយ​បន្ធូរ​អារម្មណ៍»។
លោក​វេជ្ជបណ្ឌិត កា ស៊ុនបូណាត ពន្យល់​ថា ការខកខាន​បំពេញ​តួនាទី​នេះ​របស់​ឪពុកម្តាយ​អាច​បណ្តាល​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជមាន​ជា​ច្រើន​ទៅ​លើ​ចិត្ត​សាស្រ្ត​ និង​ការ​លូតលាស់​របស់​កុមារ។
លោក​និយាយថា៖ «ជួន​កាល​ កូនៗ​មាន​បញ្ហា​អ្វី​មួយ​ដូច​ជា​ត្រូវ​បាន​គេ​ធ្វើ​បាប​នៅ​សាលា​ជាដើម។ ពួក​គេ​ចង់​និយាយ​ប្រាប់​ឪពុកម្តាយ តែ​មិន​ហ៊ាន​និយាយ ហើយ​ឪពុកម្តាយ​ក៏​មិន​បាន​សួរ យូរ​ទៅ​អាច​ឲ្យកូន​កើត​ជា​ជម្ងឺ​បាក់​ស្បាត ឬ​ថប់​អារម្មណ៍។ ម្យ៉ាង​ទៀត ការ​មិន​បាន​លើក​ទឹកចិត្ត ឬ​ការ​អប់រំ​កូន​តាម​រយៈ​ការ​បញ្ឈឺ (តាម​ការ​ប្រៀប​ធៀប​នឹង​ក្មេងដទៃ​ជាដើម) អាច​បណ្តាល​ឲ្យ​កូនៗ​កើត​ជម្ងឺ​បាក់​ទឹក​ចិត្ត​ផង​ដែរ»។
ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​អះអាងថា កង្វះ​ការ​ឧបត្ថម្ភ​ផ្លូវ​អារម្មណ៍​នេះ ក៏​នឹងនាំ​ក្មេង​ជំទង់ និង​យុវជន​ទៅ​រក​ឧបាយមុខ​ផង​ដែរ។
លោក​និយាយថា៖ «យើង​ឃើញហើយ ក្មេងដែល​ស្ថិត​នៅ​វ័យជំទង់​នេះ ដើរ​ជាមួយ​មិត្ត​ភក្តិ​ច្រើន​មែនទែន។ នេះ​ព្រោះតែ​គេ​ត្រូវ​ងាកទៅ​រក​មិត្ត​ភក្តិ​ដើម្បី​ទទួល​ការ​ឧបត្ថម្ភ​ផ្លូវ​អារម្មណ៍។ ប្រសិនជា​ពួក​គេសេព​គប់​មិត្ត​ភក្តិ​ខុស ពួក​គេ​ងាយ​នឹង​ឈាន​ទៅ​ដល់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន និង​ប្រព្រឹត្ត​អំពើ​ឧបាយមុខ​ផ្សេងៗ​ទៀត។ កន្លង​មក មាន​ឪពុក​ម្តាយ​ជា​ច្រើន​ឆ្ងល់ថា ហេតុអ្វី​បាន​ជា​មាន​ហូបចុក លុយ​ចាយ​គ្រប់​គ្រាន់​ហើយ កូន​នៅ​តែ​ទៅ​ប្រើ​គ្រឿង​ញៀន​ទៀត»។
លោក កា ស៊ុនបូណាត​ បាន​ឲ្យដឹងថា តាម​ការ​អង្កេត​របស់​លោក នៅ​ក្នុង​ចំណោម​ក្មេង​ជំទង់ ១ ពាន់​នាក់ ដែល​លោក​ព្យាបាល​អាការៈញៀន​ថ្នាំ គឺ​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​សារ​តែ​ហេតុ​ផល​នេះ។
លោក​ណែនាំ​ថា ឪពុកម្តាយ​​ត្រូវ​ចេះ​ឆ្លៀត​ពេល​និយាយ​សួរ​នាំ និង​អប់រំ​កូនៗ​ពី​ជីវិត ការ​យល់​ឃើញ និង​ការ​សិក្សា​របស់​ពួក​គេ​ដោយ​ពាក្យ​សម្តី​សមរម្យ ព្រម​ទាំង​បង្ហាញ​នូវក្តី​ព្រួយ​បារម្មណ៍​ចំពោះ​ពួក​គេ និងការ​ជួយ​ពួក​គេ​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​ផង​ដែរ ទោះ​បី​ជា​រវល់​យ៉ាងណា​ក៏​ដោយ ជា​ពិសេស​បំផុត​គឺ​ពេល​វេលា​ទទួល​អាហារ​ជុំ​គ្នា ជា​ពេល​វេលា​ដែល​ភាគ​ច្រើន​សមាជិក​គ្រួសារ​ទាំង​អស់​បាន​ជួប​ជុំ​គ្នា៕
សមាជិក​នៅ​ក្នុង​គ្រួសារ​ខ្មែរតូច​មួយ។ 
មាន​បាយញ៉ាំ មាន​លុយ​​ចាយ មិន​ទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​កូនៗ​សម័យ​នេះ មាន​បាយញ៉ាំ មាន​លុយ​​ចាយ មិន​ទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​កូនៗ​សម័យ​នេះ Reviewed by Unknown on 6:43 AM Rating: 5

No comments:

Flickr Widget

Powered by Blogger.