បុរសជើង ៤ ឥណ្ឌាសុំពេទ្យវះកាត់ចង់រស់នៅដូចប្រក្រតី
ក្រុងញូវដែលី: យុវជនម្នាក់ដែលមានជើង ៤ បានប្រើបណ្ដាញសង្គមអំពាវនាវដល់ក្រុមវេជ្ជបណ្ឌិតជួយវះកាត់ជើងពីរលើស ចេញ។ លោក អារុន គូម៉ា អាយុ ២២ ឆ្នាំ ប្រសូតមកដោយមានជើងរហូតដល់៤ ស្ថិតនៅចង្កេះ ដែលជើងមួយមិនរីកធំធាត់ និងជើងផ្សេងៗបត់កោងកន្លែងជង្គង់។

អារុន ស្លៀកខោដែលមានជើង ៣ សម្រាប់ច្រកជើងលើសទាំងពីរ។
អារុន ថា៖ «បើខ្ញុំត្រូវធ្វើការវះកាត់ ហើយវេជ្ជបណ្ឌិតកាត់ជើងលើសពីរនោះចេញ អ៊ីចឹងខ្ញុំក៏អាចរស់នៅដូចប្រក្រតី។ ខ្ញុំអាចធ្វើចលនា និងដើរបានសមសួនដូចអ្នកដទៃ។ បើពួកគេចង់វះកាត់ឲ្យខ្ញុំ អ៊ីចឹងខ្ញុំបានត្រៀមខ្លួនជាស្រេចហើយ»។
ថ្វីដ្បិតតែជើងលើសទាំងគូមិនអាចកម្រើកបាន លោកមានអារម្មណ៍ចំពោះវា និងយួរទម្ងន់លើត្រគាក ដែលបង្កឲ្យខូចកាយវិការ និងដំណើរ។ ម្ដាយលោក អារុន អ្នកស្រី កូគីឡា ដេវី បាននិយាយថា៖ «ពេលកើតមក គាត់ជាប់ និងចេញមិនរួចដោយគ្មានការឈឺចាប់ ហើយនៅពេលគាត់ចេញផុត អវយវៈទាំងអស់ប៉ុនគ្នា»។

អារុន (រូបអាវក្រហម) ឪពុកម្ដាយ និងបងប្អូននៅរដ្ឋអ៊ុតតាប្រាដេស។
ប៉ុន្ដែវេជ្ជបណ្ឌិតជំនាញតម្រង់ឆ្អឹង លោក ហ៊ឺមេនត៍ សារម៉ា ដែលពិនិត្យស្ថានភាព អារុន បានផ្ដល់ក្ដីសង្ឃឹមដល់ក្រុមគ្រួសារនេះ។ លោករកឃើញថា អារុន ក៏មានឆ្អឹងត្រគាកទីពីរ និងរកមើលពីតំណភ្ជាប់នៃជើងនិងលទ្ធភាពនៃការប៉ះពាល់ចំពោះរាងកាយ។
វេជ្ជបណ្ឌិត ថា៖ «ដោយសារគាត់មានជើង ៤ យើងនឹងតាមដានថា តើវាហូរឈាមចូលពីណាមក ហើយយើងក៏ត្រូវដឹងថា តើគាត់មានក្រលៀនបន្ថែម តម្រង់នោមបន្ថែម និងប្លោកនោម បន្ថែមដែរឬទេ?»។
ដំណើរជីវិត អារុន ត្រូវបានបញ្ចាំងក្នុងកម្មវិធី «Body Bizarre» នៅថ្ងៃព្រហស្បតិ៍ម៉ោង ១០ យប់លើកញ្ចប់ទូរទស្សន៍ TLC ៕ ប្រភព៖ ភ្នំពេញប៉ុស្ត៏
បុរសជើង ៤ ឥណ្ឌាសុំពេទ្យវះកាត់ចង់រស់នៅដូចប្រក្រតី
Reviewed by Unknown
on
12:29 AM
Rating:

No comments: